ភ្នំពេញ៖ លោក កែវ សុធា ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាបញ្ជាឱ្យចូលខ្លួន លេខ៣០០ ចុះថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៩ បានបង្គាប់ឱ្យលោកឧកញ៉ា លី សាយឃាង ភេទប្រុស អាយុ៥៦ឆ្នាំ ចូលខ្លួនឆ្លើយឱ្យបានមុនថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៩ ពាក់ព័ន្ធ សំណុំរឿងព្រហ្មទណ្ឌពីបទ បំភាន់មន្ត្រីសូរិយោដីក្នុងការបំពេញបេសកកម្ម ឬបំភាន់អាជ្ញាធរក្នុងការចុះបញ្ជីដី លួចលក់ ឬលួចបញ្ចាំអចលនវត្ថុដែលមិនមែនជារបស់ខ្លួន និងរំលោភលើទំនុកចិត្ត តាមបណ្ដឹងរបស់ឈ្មោះ បាន ម៉េងទូច។
ឧកញ៉ា លី សាយឃាង ត្រូវចូលបង្ហាញខ្លួន លើបទល្មើស “បំភាន់មន្ត្រីសុរិយោដីក្នុងការបំពេញបេសកកម្ម ឬ បំភាន់អាជ្ញាធរក្នុងការចុះបញ្ជីដី,លួចលក់ ឬ លួចបញ្ចាំអចលនវត្ថុដែលមិនមែនជារបស់ខ្លួន និង រំលោភលើទំនុកចិត្ត” ។
នៅព្រឹកថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៩នេះ សារព័ត៌មាន ភ្នំពេញថាមស៍ មិនអាចស្វែងរកការបញ្ជាក់ពីខាងឧកញ៉ា លី សាយឃាង បាននៅឡើយទេ ដោយសារគ្មានលេខទូរស័ព្ទទំនាក់ទំនង។
ជាមួយគ្នានេះ លោក កែវ សុធា ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ ក៏បានអនុញ្ញាតឱ្យមន្ត្រីនគរបាលយុត្តិធម៌ប្រើប្រាស់កម្លាំងសាធារណៈ ដើម្បីបង្ខំឧកញ៉ា លី សាយឃាង អោយចូលបង្ហាញខ្លួនផងដែរ ៕
Comments