មនុស្សចំនួន៦នាក់ រួមទាំងប្រធានទីភ្នាក់ងារផ្តល់ជំនួយរបស់ប្រទេសជប៉ុនម្នាក់ផងដែរ បានបាត់បង់ជីវិតនៅថ្ងៃពុធ ទី០៤ ខែធ្នូនេះ ក្នុងការបាញ់ប្រហារពីខ្មាន់កាំភ្លើងមិនស្គាល់អត្តសញ្ញាណនៅខេត្ត ចាឡាឡាបាដ (Jalalabad) ភាគខាងកើតប្រទេសអាហ្វហ្កានិស្ថាន ដែលនេះបើតាមការចុះផ្សាយរបស់ Reuters។
លោក សេឌីក សេឌីហ្គី (Sediq Sediggi) អ្នកនាំពាក្យរបស់លោកប្រធានាធិបតីអាហ្វហ្កានិស្ថាន អាស្រាហ្វ ហ្កានី (Ashraf Ghani) បាននិយាយថា ក្រុមខ្មាន់កាំភ្លើងបានបើកការបាញ់ប្រហារទៅលើរថយន្តរបស់អង្គការក្រៅរដ្ឋាភិបាលជប៉ុន ដែលដឹកមនុស្សចំនួន៦នាក់រួមទាំងលោក តេតស៊ូ ណាកាមូរ៉ា (Tetsu Nakamura) ប្រធានសេវាកម្មឱសថសន្តិភាពជប៉ុន (Peace Japan Medical Services) ផងដែរ។
រហូតមកដល់ពេលនេះ មិនទាន់មានក្រុមណាមួយអះអាងទទួលខុសត្រូវចំពោះការបាញ់ប្រហារសម្លាប់មនុស្ស៦នាក់នេះទេ ហើយលោក ហ្សាប៊ីហ៊ូឡា មូចាហ៊ីដ (Zabihullah Mujahid) អ្នកនាំពាក្យពួកឧទ្ទាមតាលីបង់បានអះអាងថា ក្រុមខ្មាន់កាំភ្លើងនោះមិនមានពាក់ព័ន្ធជាមួយក្រុមឧទ្ទាមរបស់ខ្លួននោះទេ ៕
Comments