ភ្នំពេញ៖ នៅរសៀលថ្ងៃពុធ ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៩នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអនុញ្ញាតឲ្យលោកជំទាវ Angela Corcoran ឯកអគ្គរដ្ឋទូតអូស្ត្រាលី ប្រចាំនៅកម្ពុជាចូលជួបពិភាក្សាការងារ និងជម្រាបលា ខណៈលោកជំទាវនឹងត្រូវបញ្ចប់បេសកកម្មការទូត។
ជាកិច្ចចាប់នៃជំនួបសម្ដេចក្រឡាហោម ស ខេង បានសម្ដែងការស្វាមន៍ និងអបអរសាទរលោកជំទាវដែលទទួលបានគ្រឿងឥស្សរយយសពីសម្ដេចតេជោនាយករដ្ឋមន្ត្រី បន្ទាប់ពីលោកជំទាវបានចូលរួមចំណែកដល់ការអភិវឌ្ឍចំណងមិត្តភាពកម្ពុជា និងអូស្ត្រាលី។ លោកជំទាវឯកអគ្គរដ្ឋទូតក៏បានថ្លែងវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងអូស្ត្រាលី និងកម្ពុជា ដែលមានរយៈពេលយូរអង្វែងមកហើយ។
លោកជំទាវបានបន្តថាគិតចាប់តាំងពីឆ្នាំ១៩៩៤មក ប្រទេសអូស្ត្រាលីបានផ្ដល់ជំនួយអភិវឌ្ឍន៍ដល់ប្រទែសកម្ពុជាជាទឹកប្រាក់សរុប១ចុច៣ប៊ីលានដុល្លារអូស្ត្រាលី នៅក្នុងវិស័យកសិកម្ម វិស័យហេដ្ឋារចនាសម្ព័ន្ធ ការដោះមីន វិស័យសុខាភិបាល និងអប់រំ។ ពាក់ព័ន្ធវិស័យអប់រំ មាននិស្សិខ្មែរសិក្សានៅប្រទេសអូស្ត្រាលី ហើយក៏មាននិស្សិតអូស្ត្រាលីសិក្សានៅប្រទេសកម្ពុជាដែរ។
លោកជំទាវក៏បានវាយតម្លៃជាពិសេសចំពោះកិច្ចសហប្រតិបត្តិការរវាងក្រសួងមហាផ្ទៃកម្ពុជា និងប្រទេសអូស្ត្រាលីក្នុងការងារសន្តិសុខតំបន់ និងប្រឆាំងបទល្មើសឆ្លងដែន ដែលកន្លងមកកិច្ចសហប្រតិបត្តិការរវាងប៉ូលីសសហព័ន្ធអូស្ត្រាលីជាមួយនគរបាលកម្ពុជា បានសម្រេចជាលទ្ធផផ្លែផ្កាជាច្រើន ដូចជាការចាប់ខ្លួន និងបញ្ជូនជនល្មើសទៅប្រទេសអូស្ត្រាលវិញពាក់ព័ន្ធបទរំលោភផ្លូវភេទ ការទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែន បទល្មើសគ្រឿងញៀន និងការរលាងលុយកខ្វក់ ហើយថាប្រទេសអូស្ត្រាលីនឹងឈរជានិច្ចជាមួយកម្ពុជាដើម្បីបន្តជំរុញឲ្យមានការអនុវត្តជាវិជ្ជមាន។
សម្ដេចក្រឡាហោម ស ខេង បានស្នើសុំភាគីអូស្ត្រាលីបន្តជំរុញការគាំទ្រប្រទេសកម្ពុជា ដោយក្នុងនោះពាក់ព័ន្ធវិស័យសន្តិសុខ សម្ដេចបានស្នើសុំអូស្ត្រាលីជួយបន្តអភិវឌ្ឍវិស័យធនធានមនុស្សក្នុងជួរកងកម្លាំងនគរបាលជាតិ។ ចំពោះសំណើរនេះលោកជំទាំវឯកអគ្គរដ្ឋទូតបានថ្លែងថាអូស្ត្រាលីនឹងបន្តជួយអភិវឌ្ឍន៍វិស័យធនធានមនុស្សកម្ពុជា និងក្រសួងមហាផ្ទៃ តាមរយៈការផ្ដល់អាហារូបករណ៍ទៅសិក្សានៅប្រទេសអូស្ត្រាលី។
លោកជំទាវក៏បានថ្លែងអំណរគុណសម្ដេចក្រឡាហោម ស ខេង ដែលបានគាំទ្រលោកជំទាវក្នុងអាណត្តិការទូតនៅកម្ពុជាដែលបានធ្វើឲ្យលោកជំទាវសម្រេចបានសមិទ្ធផលជាច្រើន និងបានបង្ហាញក្ដីសង្ឃឹមថារាល់សមិទ្ធផលដែលប្រទេសទាំងពីរសម្រេចបានជាមួយគ្នានឹងត្រូវបានពង្រឹង និងពង្រីកបន្ថែមទៀត ពិសេសនៅក្នុងអាណត្តិការទូតរបស់ឯកអគ្គរដ្ឋទូតអូស្ត្រាលីថ្មី៕
Comments